គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ១០រូប អញ្ជើញចូលរួមកម្មវិធីជូនដំណើរផ្លូវការ មុនពេលចេញទៅបំពេញការបណ្តុះបណ្តាល២សប្តាហ៍នៅប្រទេសឥណ្ឌា ————————— នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ឯកទេសគណិតវិទ្យា វិទ្យាសាស្ត្រ និង ICT ចំនួន១០រូប (ស្រី០៣រូប) ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យជំនួយ ប៉េង ទិត្យសុទ្ធី នាយិការងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីជូនដំណើរមន្ត្រីជាផ្លូវការ ដែលនឹងអញ្ជើញចូលរួមកម្មវិធីបណ្តុះបណ្តាលនៅគ្រឹះស្ថានឧត្តមសិក្សា ITEC ក្រោមប្រធានបទ “ក្របខ័ណ្ឌសម្រាប់ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់ការអប់រំផ្នែកស្ទែម (STEM)” នៅទីក្រុងឆេនណៃ ខេត្តតាម៊ិលណាឌូ ប្រទេសឥណ្ឌា។ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា ប៊ែវីតឡុង (H.E. Mr. Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងរៀបចំឡើងដោយនិវេសនស្ថានទូតឥណ្ឌា សហការជាមួយក្រសួងកិច្ចការបរទេសនៃរដ្ឋាភិបាលឥណ្ឌា។ គួរបញ្ជាក់ផងដែរថា គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនឹងចេញដំណើរដើម្បីចូលរួមកម្មវិធីបណ្ដុះបណ្ដាលនេះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ និងត្រឡប់មកវិញនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់ជូននូវឱកាសសម្រាប់គណៈប្រតិភូអ្នកឯកទេសអប់រំគ្រូបង្រៀនកម្ពុជា ក្នុងការសិក្សាស្វែងយល់ សំដៅពង្រឹង និងពង្រីកសមត្ថភាពបន្ថែមលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីយកមកអភិវឌ្ឍ និងបញ្ចូលទៅក្នុងវិធីសាស្ត្របង្រៀន និងរៀនតាមបែបអប់រំស្ទែម (STEM Education) ឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបកម្ម។ ជាទីបញ្ចប់ ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងស្ថានទូតឥណ្ឌា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានប្រសិទ្ធពរជ័យជូនដល់គណៈប្រតិភូទាំងអស់ សូមឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការដកស្រង់បទពិសោធន៍ពីវគ្គបណ្តុះបណ្តាលនេះ និងធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱