ទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូព្រឹទ្ធសភានៃប្រទេសជប៉ុន នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានី ភ្នំពេញ

News & Events
Facebook Telegram
32 Views
Publish Date 17/09/2026
Author PON Samnang

ទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូព្រឹទ្ធសភានៃប្រទេសជប៉ុន នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ  នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានី ភ្នំពេញបានទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភានៃប្រទេសជប៉ុន ក្នុងដំណើរទស្សនកិច្ចពាក់ព័ន្ធនឹងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងគណៈគ្រប់គ្រង គ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានគរុ​កោសល្យរាជធានីភ្នំពេញ តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គការ JICA​ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូព្រឹទ្ធសភានៃប្រទេសជប៉ុន និងបានបង្ហាញពីវឌ្ឍនភាពអប់រំនៅកម្ពុជា ពិសេសគុណភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនដែលមានភាពប្រសើរឡើងគួរឱ្យកត់​សំគាល់ក្នុងទស្សវត្តន៍ចុងក្រោយ អំឡុងពេលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅចាប់ពីឆ្នាំ២០១៤មក។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាសជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាន​ផ្ដល់ជំនួយឥតសំណងដល់កម្ពុជាក្នុងការបង្កើតបាននូវវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ​និងបានជួយកសាងកម្មវិធីបណ្ដុះ​បណ្ដាល​គ្រូបង្រៀន​ថ្នាក់បរិញ្ញាបត្រ (១២+៤)ប្រកបដោយគុណភាពខ្ពស់ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលជប៉ុនក៏កំពុងបន្តជួយបង្កើត​វិទ្យាស្ថានគរុកោសល្យកំពង់ចាមមួយបន្ថែមទៀតផងដែរ។ សមិទ្ធផលទាំងនេះគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេស​កម្ពុជា ដែលជួយក្នុងការផលិតបាននូវធនធានគ្រូបង្រៀនប្រកបដោយសមត្ថភាពខ្ពស់ សំដៅទៅកសាងបាននូវមូលធានមនុស្សប្រកបដោយ​ប្រសិទ្ធភាព ឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម HIGASHINO Hideki ប្រធានគណៈប្រតិភូព្រឹទ្ធសភារនៃប្រទេសជប៉ុន បានសម្ដែងនូវការកោតសរសើរដល់ក្រសួង​អប់រំ​យុវជន និងកីឡា រួមជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលបានប្រើប្រាស់ជំនួយរបស់ប្រទេសជប៉ុនប្រកបដោយប្រសិទ្ធភាព បង្កើនបាន​នូវវឌ្ឍនភាពគុណភាពអប់រំល្អប្រសើរ ពិសេសលើកំណែទម្រង់បណ្ដុះបណ្ដាលគ្រូបង្រៀន។ ឯកឧត្តមសង្ឃឹមថា ផ្ដើមពី​ការគាំទ្រ​នេះ ប្រទេសកម្ពុជានឹងទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស​ទាំងផ្នែកធនធានមនុស្ស និងផ្នែកសេដ្ឋកិច្ចនាពេលអនាគតដ៏ខ្លីខាងមុខ។ បន្ទាប់ពីជំនួបពិភាក្សាគ្នាប្រកបដោយភាតរភាពរួចមក គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចពិនិត្យមើលសកម្មភាពសិក្សារបស់គរុនិស្សិត​ដោយផ្ទាល់នៅក្នុងបន្ទប់ពិសោធន៏ថ្នាក់គីមីវិទ្យា និងថ្នាក់ជីវវិទ្យា និងនៅបណ្ណាល័យ។ ដំណើរទស្សនកិច្ចនេះបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ក្នុងការលើកកម្ពស់វិស័យអប់រំ និងការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts