ទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូព្រឹទ្ធសភានៃប្រទេសជប៉ុន នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានី ភ្នំពេញ
Photo Gallery
ទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូព្រឹទ្ធសភានៃប្រទេសជប៉ុន នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានី ភ្នំពេញបានទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភានៃប្រទេសជប៉ុន ក្នុងដំណើរទស្សនកិច្ចពាក់ព័ន្ធនឹងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងគណៈគ្រប់គ្រង គ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គការ JICAផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូព្រឹទ្ធសភានៃប្រទេសជប៉ុន និងបានបង្ហាញពីវឌ្ឍនភាពអប់រំនៅកម្ពុជា ពិសេសគុណភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនដែលមានភាពប្រសើរឡើងគួរឱ្យកត់សំគាល់ក្នុងទស្សវត្តន៍ចុងក្រោយ អំឡុងពេលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅចាប់ពីឆ្នាំ២០១៤មក។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាសជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយឥតសំណងដល់កម្ពុជាក្នុងការបង្កើតបាននូវវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង និងបានជួយកសាងកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រ (១២+៤)ប្រកបដោយគុណភាពខ្ពស់ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលជប៉ុនក៏កំពុងបន្តជួយបង្កើតវិទ្យាស្ថានគរុកោសល្យកំពង់ចាមមួយបន្ថែមទៀតផងដែរ។ សមិទ្ធផលទាំងនេះគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា ដែលជួយក្នុងការផលិតបាននូវធនធានគ្រូបង្រៀនប្រកបដោយសមត្ថភាពខ្ពស់ សំដៅទៅកសាងបាននូវមូលធានមនុស្សប្រកបដោយប្រសិទ្ធភាព ឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម HIGASHINO Hideki ប្រធានគណៈប្រតិភូព្រឹទ្ធសភារនៃប្រទេសជប៉ុន បានសម្ដែងនូវការកោតសរសើរដល់ក្រសួងអប់រំយុវជន និងកីឡា រួមជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលបានប្រើប្រាស់ជំនួយរបស់ប្រទេសជប៉ុនប្រកបដោយប្រសិទ្ធភាព បង្កើនបាននូវវឌ្ឍនភាពគុណភាពអប់រំល្អប្រសើរ ពិសេសលើកំណែទម្រង់បណ្ដុះបណ្ដាលគ្រូបង្រៀន។ ឯកឧត្តមសង្ឃឹមថា ផ្ដើមពីការគាំទ្រនេះ ប្រទេសកម្ពុជានឹងទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកធនធានមនុស្ស និងផ្នែកសេដ្ឋកិច្ចនាពេលអនាគតដ៏ខ្លីខាងមុខ។ បន្ទាប់ពីជំនួបពិភាក្សាគ្នាប្រកបដោយភាតរភាពរួចមក គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចពិនិត្យមើលសកម្មភាពសិក្សារបស់គរុនិស្សិតដោយផ្ទាល់នៅក្នុងបន្ទប់ពិសោធន៏ថ្នាក់គីមីវិទ្យា និងថ្នាក់ជីវវិទ្យា និងនៅបណ្ណាល័យ។ ដំណើរទស្សនកិច្ចនេះបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ក្នុងការលើកកម្ពស់វិស័យអប់រំ និងការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.