សិក្ខាសាលាស្តីពី ការអភិវឌ្ឍកម្មវិធីសម្រាប់ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសលើការវាយតម្លៃការសិក្សា
Photo Gallery
សិក្ខាសាលាស្តីពី «ការអភិវឌ្ឍកម្មវិធីសម្រាប់ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសលើការវាយតម្លៃការសិក្សា» — នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) ដោយសហការជាមួយនាយកដ្ឋានកិច្ចការបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បានរៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពលើការវាយតម្លៃការសិក្សា» នៅវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក ម៉ន មុនិន្ទ ប្រធាននាយកដ្ឋានកិច្ចការបណ្តុះបណ្តាល។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង គ្រូឧទ្ទេស និងមន្ត្រីអប់រំ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងតំណាងមកពីអង្គភាពពាក់ព័ន្ធ រួមមាន៖ នាយកដ្ឋានកិច្ចការបណ្តុះបណ្តាល នាយកដ្ឋានកិច្ចការវិក្រឹតការ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ និងមន្ត្រីតំណាងគម្រោងកែលម្អការអប់រំចំណេះទូទៅ GEIP-AF។ កម្មវិធីនេះផ្តោតសំខាន់លើការអភិវឌ្ឍកម្មវិធីសិក្សាលម្អិត សម្រាប់ការបណ្តុះបណ្តាលស្តីពី «ការវាយតម្លៃការសិក្សាកម្រិតតំបន់ (SEA-PLM) និងកម្រិតអន្តរជាតិ (PISA)» ក្នុងគោលបំណងត្រៀមលក្ខណៈបំប៉នសមត្ថភាពដល់គ្រូឧទ្ទេសមកពីវិទ្យាស្ថានគរុកោសល្យកំពង់ចាម មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ព្រមទាំងសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រៃវែង តាកែវ និងកណ្តាល ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ស្របតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។ វ.គ.ភ. | ១ កញ្ញា ២០២៦ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱
Leave a Reply
You must sign-in with Google to post a comment.