ptec banner

ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ អដ្ឋស័ក ព.ស២០៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ បានទទួលបដិសណ្ឋារកិច្ចការធ្វើទស្សកិច្ចរបស់លោកស្រី MIYAZAKI Katsura អនុប្រធានប្រតិបត្តិជាន់ខ្ពស់ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំទីក្រុងតូក្យូ និងសហការី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ ឯកឧត្តម លោក លោកស្រីថ្នាក់ក្រសួង គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងតំណាងអង្គការ JICA នៅកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិតសភចារ្យ រដ្ឋលេខាធិការ បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅដល់លោកស្រីប្រធានគណៈប្រតិភូ និងសហការី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការJICA ដែលតែងតែបានជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសលើការលើកកម្ពស់គុណភាពអប់រំគ្រូបង្រៀននៅកម្ពុជា ដូចជាការបង្កើតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង និងថ្មីៗនេះមាននៅខេត្តកំពង់ចាមមួយទៀត ដែលជាគ្រឹះអប់រំគ្រូបង្រៀនស្តង់ដាគំរូ ផ្ដល់នូវការអប់រំគ្រូបង្រៀនប្រកបដោយគុណភាពខ្ពស់។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានលើកឡើងពីអាទិភាពគន្លឹះ៣ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការយកចិត្តទុកដាក់ជាចាំបាច់ឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណគឺ ១)ការកសាងមូលធនមនុស្ស ២)ការលើកម្ពស់គុណភាពអប់រំគ្រូបង្រៀន និង៣)ប្រែក្លាយពីប្រទេសកសិកម្មទៅឧស្សាហកម្ម ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសអភិវឌ្ឍ។ បន្ទាប់ពីបានស្ដាប់បទបង្ហាញ និងមើលឃើញពីសមិទ្ធផលនានានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញរួចមក លោកស្រី MIYAZAKI Katsura ប្រធានគណៈប្រតិភូ បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលមានការប្ដេជ្ញាចិត្តខ្ពស់ សម្រេចបាននូវកំណែទម្រង់គុណភាពអប់រំគ្រូបង្រៀនគួរជាទីមោទនៈ ដោយបានប្រើប្រាស់ជំនួយរបស់អង្គការJICAប្រកបដោយប្រសិទ្ធភាព។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱