សេចក្តីជូនដំណឹង៖ ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រង សាលារៀនជំនាន់ទី ២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជូនដំណឹងដល់លោក លោកស្រី និងអ្នកនាងកញ្ញា បុគ្គលិកអប់រំទាំងអស់ជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសឱ្យវិទ្យាស្ថានចូលរួមជាមួយ គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលគាំទ្រថវិកាដោយធនាគារពិភពលោក។ វិទ្យាស្ថាន គរុកោសល្យរាជធានីភ្នំពេញនិងបាត់ដំបងរួមគ្នាគ្រោងទទួលវគ្គ៖ ១.បណ្តុះបណ្តាលនាយកសាលា ៣០០នាក់ និង ២.បណ្តុះបណ្តាលគ្រូបង្រៀនចំនួន ៨០០នាក់ ឱ្យមានកម្រិតបរិញ្ញាបត្រ ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ។ គ្រូឧទ្ទេសដែលបង្រៀនក្នុងកម្មវិធីនេះ នឹងទទួលបានប្រាក់របបម៉ោងបន្ថែម។
ដើម្បីទទួលបានសិទ្ធិអនុវត្តកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងកែលម្អ ការអប់រំនៅមធ្យមសិក្សា (SEIP) គ្រោងផ្តល់អាហារូបករណ៍ឱ្យគ្រូឧទ្ទេសរបស់វិទ្យាស្ថានទាំងពីរចំនួន ៣០ នាក់ ទទួលបានការបណ្តុះបណ្តាលលើជំនាញឯកទេសគ្រប់គ្រងសាលារៀន សិក្សានៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
១. លក្ខខណ្ឌនៃការជ្រើសរើស
- បុគ្គលិកអប់រំគ្រប់កម្រិតរបស់វិទ្យាស្ថាន
- ត្រូវមានអាយុមិនលើស ពី ៥០ ឆ្នាំ ដោយគិតដល់ថ្ងៃចូលរៀន
- មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយសកម្មភាពគម្រោងរហូតចប់ដោយជោគជ័យ
- ការជ្រើសរើសនឹងត្រូវធ្វើឡើងដោយគណៈកម្មការរបស់គម្រោង SEIP ដោយផ្ទាល់
២. ផលប្រយោជន៍នៃការបណ្តុះបណ្តាល
- ទទួលបានជាអាទិភាពជាគ្រូឧទ្ទេស អនុវត្តគម្រោង GEIP
- ទទួលបានសញ្ញាបត្របរិញ្ញាបត្រឯកទេសគ្រប់គ្រងសាលារៀន
- អ្នកដែលបញ្ចប់ការសិក្សាដោយទទួលបានលទ្ធផលល្អ អាចមានឱកាសទទួលអាហា រូបករណ៍បន្តកាំរសិក្សាយកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសគ្រប់គ្រងសាលារៀន។
- សិក្សានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
អាស្រ័យហេតុនេះ សូមលោក លោកស្រីទាំងអស់ដែលមានចំណាប់អារម្មណ៍ បំពេញពាក្យស្នើសុំ និងដាក់ជូនលោក គង់ សំរេច អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងគណនេយ្យ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់វេលាម៉ោង ១៧ម៉០០ នាទីពេលរសៀលនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ជាកំហិត